ភ្នំពេញ៖ កម្មវិធីប្រកួតពានរង្វាន់កីឡាបាល់បោះ 3X3 កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់កីឡាករកីឡាការិនី មកពីវិទ្យាល័យ សកលវិទ្យល័យ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ពិសេសមហាជនទូទៅនៅលើបណ្តាញសង្គម Facebook។ នេះជាការប្រកួតបាល់បោះប្រភេទ៣x៣ ដែលមានគោលបំណងជំរុញស្មារតី លើកកំពស់កីឡាបាល់បោះ នឹង ត្រៀមខ្លួនក្នុងការឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរក្នុងប្រភេទវិញ្ញាសារបាល់បោះ៣x៣នេះ។
មកទល់ពេលនេះ ដំណើរការចុះឈ្មោះចូលរួមប្រកួតនៅតែបន្ត។ ហើយទទួលបានការដាក់ពាក្យយ៉ាងច្រើនពីក្រុមតំណាងវិទ្យាល័យ 39 ក្រុមផ្សេងៗគ្នា ។ ដោយគណគ្រប់គ្រងនៃកម្មវិធីនឹង ជ្រើសរើសតែចំនួន ១៦ក្រុមប៉ុណ្ណោះក្នុងការចូលរួមប្រកួតមួយប្រភេទវិញ្ញាសារ ដូចនេះការជ្រើសរើសនឹងត្រូវបានផ្តល់សិទ្ធិទៅកាន់ក្រុមតំណាងដែលបានដាក់ពាក្យមុនទៅតាមលក្ខខណ្ឌដែលបានកំណត់។ សូមបញ្ជាក់ថា ការចុះឈ្មោះនៅសល់តែ ៤ថ្ងៃទៀតប៉ុនណោះ។
ដោយឡែក ក្រុមសិស្សតំណាងវិទ្យាល័យ U18 និងក្រុមបុរសមកពីស្ថាប័នឯកជន និងមហាជន បានធ្វើទទួលពាក្យចុះឈ្មោះពេញផងដែរ។ បច្ចុប្បន្នក្រុមការងាររបស់ត្នោតកំពុងបន្តទទួលចុះឈ្មោះ សម្រាប់ក្រុមសកលវិទ្យាល័យ U23 និងក្រុមនារីមហាជនរហូតដល់ទទួលពាក្យគ្រប់ជំនួន។

កម្មវិធីនេះប្រារព្ធឡើងក្រោមកិច្ចសហការ ផ្នែកបច្ចេកទេសពីសហព័ន្ធកីឡាបាល់បោះកម្ពុជា (CBF) និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡា។ ទន្ទឹមនេះដែរ ក៏មានការចូលរួមគាំទ្រពីបណ្តាក្រុមហ៊ុនធំៗចំនួន ក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការប្រកួតនេះអោយប្រព្រឹត្តឡើង។ ក្នុងនោះមានដូចជា មន្ទីរពហុព្យាបាល ហុង អិន, ក្រុមហ៊ុន Lanton Cloud ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ឡានម៉ីអ៊ែរឡាញ ,ក្រុមហ៊ុន GoodToGo និង Oakwood Premier Phnom Penh ជាដើម។
នៅថ្ងៃ ២១ តុលា ឆ្នាំ ២០២២ នេះ សារព័ត៌មានត្នោត នឹងរៀបចំសន្និសីទកាសែតមួយ ដែលមានការចូលរួមជាអធិបតេយ្យរបស់ ឯកឧត្តម អ៊ុក សុទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាកម្ពុជា លោក Austin Koledoye អគ្គនាយកនៃសហព័ន្ធកីឡាបាល់បោះកម្ពុជា ក្រុមហ៊ុនជាដៃគូរ និងសារព័ត៌មានជាតិនឹងអន្តរជាតិចូលរួម។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ សណ្ឋារគារ Oakwood Premier One Park បឹងកក់ភ្នំពេញ។

នៅថ្ងៃសន្និសីទដដែលនឹងមានកម្មវិធីចាប់ឆ្នោតបែងចែកក្រុមទៅតាមប្រភេទវិញ្ញាសារ ដោយវិញ្ញាសារ នីមួយៗត្រូវបានបែងចែកជា៤ពូល A, B, C, D ក្រុមទំាង៤ក្នុងប្រភេទវិញ្ញាសារនិមួយៗនឹងត្រូវធ្វើការប្រកួត ៤ជុំ (Group Stage; Quarter; Semi-Final; Final)។

ក្រុមខ្លាំងលេខ១ និង លេខ២ នៃគ្រុបនីមួយៗក្នុងពូល នឹងបន្តទៅវគ្គជំរុះ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

វគ្គជម្រុះ៨ក្រុម
ចំណាត់ថ្នាក់លេខ១ ក្នុងពូល A VS ចំណាត់ថ្នាក់លេខ២ ក្នុងពូល B
ចំណាត់ថ្នាក់លេខ១ ក្នុងពូល B VS ចំណាត់ថ្នាក់លេខ២ ក្នុងពូល A
ចំណាត់ថ្នាក់លេខ១ ក្នុងពូល C VS ចំណាត់ថ្នាក់លេខ២ ក្នុងពូល D
ចំណាត់ថ្នាក់លេខ១ ក្នុងពូល D VS ចំណាត់ថ្នាក់លេខ២ ក្នុងពូល C
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គ ផ្តាច់ព្រ័ត្រ
ក្រុមឈ្នះទាំង៤ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីបន្តការប្រកួត
ក្រុមឈ្នះទាំង២ប្រកួតគ្នាដណ្តើមជើងឯក និងក្រុមជើងឯករង
ក្រុមចាញ់ទាំងពីរប្រកួតគ្នាយកចំណាត់ថ្នាក់លេខ៣
កាលបរិចេ្ឆទនៃការប្រកួតវគ្គប្រកួត៖
១.ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២២ចាប់ពីម៉ោង៨ព្រឹក ធ្វើការប្រកួតក្នុងពូល(Group Stage) ទាំង៤ ប្រភេទវញ្ញាសារ ទីតាំងប្រកួត ពហុកីឡាដ្ឋានជាតិអូឡាំពិក។
២. ថ្ងៃទី២៩ តុលា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង៨ព្រឹក ធ្វើការប្រកួតវគ្គជំរុះ៨ក្រុម (Quarter Final) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Semi-final) និង វគ្គផ្តាច់ព្រ័ត្រ(Final)។
សារព័ត៌មានត្នោតបន្តទទួលការចុះឈ្មោះចូលរួម និងស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការចូលរួមគាំទ្រដល់ការរៀបចំកម្មវិធីនេះ ក៏ដូចជាឱកាសផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុននានាផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
Telegram: ០៩៦ ៩៨៨ ២៧២៧/ ០៧៧ ២៧៥ ១០៥
Add Comment